វ៉ាស៊ិនតោន៖ ប្រភពព័ត៍មាន ដែលបានចេញ ផ្សាយដោយ ទីភ្នាក់ងារ សារព័ត៍មាន ស៊ិនហួរ បានឲ្យដឹងនៅថ្ងៃនេះថា រដ្ឋាភិបាលវ៉ាស៊ិនតោន កាលពីថ្ងៃអង្គារ ម្សិលមិញ បាននិយាយថាខ្លួន មិនមានបញ្ហានោះទេ ជាមួយនឹងការធ្វើតេ ស្តបាញ់សាកល្បង គ្រាប់មីស៊ីលប្រភេទ Ballistic របស់អ៊ីរ៉ង់ដោយអះអាងថា វាមិនមែនជាសកម្មភាព រំលោភបំពានទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។
លោកJosh Earnest អ្នកនាំពាក្យរបស់សេតវិមាន បាននិយាយបញ្ជាក់ថា នេះមិនមែនជាអំពើ បំពានទៅនឹងកិច្ចព្រមព្រៀង ស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ របស់ប្រទេស អ៊ីរ៉ង់នោះទេ។ កិច្ចព្រមព្រៀងគ្នារវាង ប្រទេសមហាអំណាចទាំង៥ និងអ៊ីរ៉ង់ដែលគេហៅថា P5+1 រវាងប្រទេសអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់ ដែលបានសម្រេចបាន កិច្ចព្រមព្រៀងមួយអំពី បញ្ហាកម្មវិធីអភិវឌ្ឍអាវុធ នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៥ ដែលបានផ្លាស់ប្តូរគ្នា រវាងការដាក់ទណ្ឌកម្ម នានាជាមួយនឹងការ កំណត់ពីទំហំនៃកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអ៊ីស្លាមមួយនេះ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញថា ប្រទេសអ៊ីរ៉ង់ បានធ្វើការបាញ់សាកល្បង ធ្វើតេស្តគ្រាប់មីស៊ីល ប្រភេទ Ballistic ជាច្រើនគ្រាប់នៅក្នុង សមយុទ្ធយោធាមួយដែល បានចូលរួមដោយមេបញ្ជាការ ជាន់ខ្ពស់នៃក្រុម Islamic Revolution Guards Corps (IRGC)៕